អភិបាលខេត្តបន្ទាយមានជ័យ ដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបករណីក្មេងទំនើង និងគ្រឿងញៀន
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ទៅដល់ ស្នងកានគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បន្តរឹតបន្តឹងបង្ក្រាបករណីក្មេងទំនើង ដែលបង្កនូវអសន្តិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការចរាចរជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។ ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាបែបនេះក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត ដែលមានការចូលរួមពីមេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង៩ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។
ដើម្បីឆ្លើយតប នូវអនុវត្តឱ្យគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាតែមានប្រសិទ្ធភាព ឯកឧត្តម អភិបាលខេត្ត ណែនាំដល់គ្រប់សម្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាការបង្ក្រាបដោយមិនបន្ធូរដៃឡើយរាល់បទល្មើសដែលកើតមាននៅមូលដ្ឋាន។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់គ្រប់អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នា ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅដែលអនុវត្តកន្លងមក។
ជាមួយគ្នានេះដែរឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណទៅដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីក្មេងទំនើងដែលតែងតែបង្កនូវអសន្តិសុខក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ អនុវត្តទៅតាមនីតិវិធី។ មួយវិញទៀតទាក់ទិនទៅនឹងករណីគ្រឿងញៀនក៏ជាបញ្ហាដែលយើងត្រូវរួមដៃគ្នាក្នុងការសហការបង្ក្រាបបានតែ ក៏បានស្វែងរកមេខ្លោងដែលនៅពីក្រោយនេះករណីជួញដូរគ្រឿងញៀន ដោយមិនត្រូវមានការលើកលែងជាដាច់ខាតបើទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ៕